ប្រលោមលោកខ្លីៗ

ទម្រាំ​តែ​ដឹង​ថា​ស្រលាញ់​
ជា​ក្រិត្យ​ក្រម​ធម្មជាតិ​ បាន​តាក់​តែង​ផ្តល់​ឲ្យ​មនុស្ស​មាន​សេចក្តី​ស្នេហា​គ្រប់​ៗ​​​រូប។​ តែ​សេចក្តី​ស្នេហា​​មិន​ដែល​អនុលោម​ទៅ​តាម​ចិត្ត បុគ្គល​ណា​ម្នាក់​​ទាំង​ស្រុង​នោះ​ឡើយ។​​ មើល​តែ​រូប​នាង​ខ្ញុំ​ចុះ​​​ នៅ​ក្មេង​​សោះ ធ្លាប់​ស្គាល់​ទំហំ​​នៃ​ការ​ឈឺ​ចាប់​ដ៏​សែន​គ្រាំ​គ្រា​​រួច​ទៅ​ហើយ​ សូម្បី​តែ​នាង​ខ្ញុំ​មិន​ដែល​គិត​ថា​​ ចង់​ប្រឡូក​ជាមួយ​ស្នេហា​សោះ​ ព្រោះ​អ្វី​ទៅ?
          កាល​ពី​ថ្ងៃ​បុណ្យ​​ណូ​អែល​ឆ្នាំ​មុន​​ មាន​បុរស​ម្នាក់​បាន​លះ​បង់​សេចក្តី​ថ្លៃ​ថ្នូរ​ មក​សារភាព​សុំ​សេចក្តី​​ស្នេហា​​ចំពោះ​មុខ​នាង​ខ្ញុំ​ ថែម​ទាំង​បាន​ជូន​កាដូ​ដ៏​មាន​អត្ថន័យ​មួយ​ទៀត។​ ផ្ទុយ​ទៅ​វិញ​តរុណី​ដ៏​វ័យ​​ក្មេង​ដូច​ជា​រូប​នាង​ខ្ញុំ​ បាន​បដិសេធ​​យ៉ាង​ដាច់​អហង្កា​រ ​​ដោយ​លើក​ហេតុ​ផល​គ្រប់​យ៉ាង​​ដើម្បី​ធ្វើ​ឲ្យ​បុរស​ម្នាក់​​នោះ​ឈប់​មាន​ គំនិត​ដូច្នេះ​ទៀត​​។ ពិត​ណាស់​ នាង​ខ្ញុំ​ទើប​តែ​មាន​អាយុ​ ១៦ ​ឆ្នាំ​ប៉ុណ្ណោះ​ វា​​គឺ​ជា​វ័យ​ដែល​ឆាប់​ភ្លើត​ភ្លើន​ ចំពោះ​​បរិយាកាស​សង្គម​អំណោ​យ​ផល​ឲ្យ​​ តែ​ប្រសិន​បើ​យើង​ចេះ​​ប្រយ័ត្ន​ការ​ពារ​ដោយ​ខ្លួន​ឯង​​ មាន​ន័យ​ថា​កុំ​ភ្លេច​ខ្លួន​ យើង​នឹង​អាច​ចៀស​ផុត​ពី​​ឥ​ទ្ធិពល​​នោះ​​។ ដោយ​តែង​តែ​មាន​ទស្សនៈ​ដូច្នេះ​ហើយ ​​ទើប​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ជាច្រើន​បង់​ចិត្ត​ស្នេហា​នាង​ខ្ញុំ​​ ត្រូវ​បរាជ័យ​គ្រប់​ៗ​គ្នា​ ព្រោះ​តែ​ទំនើង​ចិត្ត​​ដ៏​រឹង​មាំ​មិន​ងាយ​ភ្លាត់​​នឹង​ល្បិច​លួង​លោម​ ស្នេហា​របស់​គេ​។ ចុះ​ហេតុ​អ្វី​ក៏​គេ​ម្នាក់​នោះ​​ មិន​អស់​សង្ឃឹម​ដូច​ជា​ពួកគេ​អ៊ីចឹង? គេ​បាន​ប្រាប់​តាម​រយៈ​មិត្ត​ភក្តិ​របស់​នាង​ខ្ញុំ​ថា​ «​ចាំ​មើល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នារី​ម្នាក់​នោះ​ ស្រលាញ់​ខ្ញុំ​ឲ្យ​ទាល់​តែ​បា​ន ទោះ​ជា​ត្រូវ​លះ​បង់​អ្វី​ក៏​ដោយ​!» ឮ​សម្តីនេះ នាង​ខ្ញុំ​ក៏​ចាំ​តែ​មើល​ដូច​គ្នា​ដែរ​ តើ​វា​នឹ​ង​កើត​ឡើង​យ៉ាង​ម៉េច​ទៅ​?
          ​គេ​យក​ចិត្ត​ទុក​ដាក់​គ្រប់​បែប​យ៉ាង​ គ្រប់​មធ្យោបាយ ​តែ​អ្វី​ៗ​ទាំង​អស់​​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មា​នអារម្មណ៍​ធុញ​ទ្រាន់​ណាស់​ ជួន​កាល​នាង​ខ្ញុំ​រត់​គេច​ពី​គេ​ទៀត​ផង។ ថ្ងៃ​មួយ​គេ​ក៏​សុំ​និយាយ​ជាមួយ​នាង​ខ្ញុំ​តែ​ពីរ​នាក់​ ដោយ​សារ​ការ​អង្វរ​ករ​ពី​មិត្ត​ភក្តិ​ នាង​ខ្ញុំ​ក៏​យល់​ព្រម​។ គេ​និយាយ​យ៉ាង​ស្រងូត​ស្រងាត់​ថា​៖
          «​ខ្ញុំ​ធ្លាប់​ជួប​វិបត្តិ​ស្នេហ៍​ម្តង​រួ​ច​ទៅ​ហើយ​ ហេតុ​អ្វី​ក៏​អ្នក​ដាច់​ចិត្ត​​បំផ្លាញ​បេះ​ដូង​ខ្ញុំ ​ជា​លើក​ទីពីរ​ទៀត​​ មិន​អាណិត​ខ្ញុំ​ខ្លះ​ទេ​ឬ? ខ្ញុំ​មាន​សេចក្តី​សុខ​បំផុត​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​មុខ​​អ្នក ​ដែល​ជា​នារី​ដ៏​មាន​ន័យ​លើ​ស​អ្វីៗ​ទាំង​អស់​​ក្នុង​មួយ​ជីវិតខ្ញុំ​នេះ។​ បើ​ទោះ​ជា​អ្នក​មិន​ស្រឡាញ់​ខ្ញុំ​ក្តី​​ តែ​ខ្ញុំ​បាន​សន្យា​ខ្លួន​ឯង​ថា ​ខ្ញុំ​នឹង​មាន​តែ​អ្នក​ម្នាក់​គត់​ ​ទោះ​ជា​ទៅ​ថ្ងៃ​ក្រោយ​អ្នក​មាន​គ្រួសារ​ក៏​ដោយ​ ក៏​បេះ​ដូង​របស់​ខ្ញុំ​នៅ​តែ​ឆ្លាក់​​​ឈ្មោះ​​អ្នក​ជាប់​ក្នុង​ចិត្ត​ជា​ ដរាប។​»
          ​គ្រាន់​តែ​បាន​ឮ​សម្តី​របស់​គេ​ភ្លាម​ ចិត្ត​ជា​នារី​បេះ​ដូង​ដែក​ម្នាក់​ ចេះ​តែ​មាន​អារម្មណ៍​គិត​រហូត​ តើ​គួរ​ដោះ​ស្រាយ​យ៉ាង​ណា​ទៀត​ទៅ​? ពាក្យ​ពេចន៍​ទាំង​ប៉ុន្មាន​បាន​បណ្តេញ​ចិត្ត​ដែលធ្លាប់​រឹង​រូស​ប្រែ​ទៅ​ជា​ ការអាណិត​រូប​គេ​បន្តិច​ម្តង​ៗ​ ពិសេស​ទៅទៀត​រាល់​ទង្វើ​ទាំង​អម្បាល​ម៉ាន​របស់​គេ ​កាន់​តែ​ធ្វើ​ឲ្យ​​នាង​ខ្ញុំ​ស្មុគ​ស្មាញ​ឡើង​ជា​លំដាប់​។ ជា​ច្រើន​ថ្ងៃ​ក្រោយ​មក​ នាង​ខ្ញុំ​ប្រាប់​គេ​ថា «​តើ​យើង​គួរ​តែ​ចង​មិត្ត​នឹង​គ្នា​ មិន​ល្អ​ទេ​ឬ? សម្រាប់​បច្ចុប្បន្ន​នេះ​ខ្ញុំ​មិន​ទាន់​គិត​ទេ ប៉ុន្តែ​នៅ​ពេល​អនាគត​ ខ្ញុំ​ពិត​ជាគិត​​ពី​វា ​ចាត់​ទុក​ថា​យើង​គឺជា​មិត្ត​សិន​ទៅ​បាន​ហើយ​ គ្រប់​យ៉ាង​ស្ថិត​នៅ​លើ​ពេល​វេលា​ជា​អ្នក​ពិសោធន៍​​ បើ​អ្នក​ស្មោះ នឹង​ខ្ញុំ​មែន រឿង​អ្វីដែល​ត្រូវ​ខ្លាច!»។ មិន​ដូច​ការ​ដែល​នាង​ខ្ញុំ​គិត​សោះ​ គេ​មិន​គួរ​និយាយ​ថា «​ខ្ញុំ​មិន​ត្រូវ​ការ​មិត្ត​ភាព​​ពីនារី​ដែល​ខ្ញុំ​ស្រលាញ់​នោះ​ទេ ហេតុ​អ្វី​ក៏​អ្នក​មិន​អាច​ផ្តល់​សេចក្តីស្នេហា​ជូន​ខ្ញុំ​បាន​? ខ្ញុំ​មិន​ល្អ​ត្រង់​ណា?»។ ស្តាប់​ហើយ​នាង​ខ្ញុំ​គ្មាន​ពាក្យ​នឹង​ពន្យល់​ទៀត​ទេ ព្រោះ​អស់​សមត្ថភាព​នឹង​ធ្វើ​​យ៉ាង​ណា​ឲ្យ​គេ​យល់​ជាង​នេះ​ទៀត​។ ជា​រៀង​រាល់ថ្ងៃ ​នាង​ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​នឹកគិត​ដល់​បុរស​ម្នាក់​នោះ​ កាន់​តែ     ​ខ្លាំ​ង​ឡើង​ៗ​។ គេ​មិន​ដូច​ជា​បុរស​មុន​ៗ ដែល​តាម​សុំ​ស្នេហ៍​​នាង​ខ្ញុំ​ឡើយ​។ ហេតុ​អ្វី​ក៏​គេ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​អាណិត​គេ​ខ្លាំង​ម្ល៉េះ? ចិត្ត​ដែល​ធ្លាប់​តែ​ស្អប់​គេ​ ឥឡូវ​នេះ​ទៅណា​អស់​ហើយ​? នាង​ខ្ញុំ​មិន​ចង់​គិត​ពី​រឿង​នោះ​ទេ តែ​មាន​អ្វី​ជា​ច្រើន​បាន​ជម្រុញ​ឲ្យ​នាង​ខ្ញុំ​មិន​អាចហាម​ឃាត់​​ចិត្ត​ របស់​ខ្លួន​ឯង​បាន​។
          មិន​យូរ​ប៉ុន្មាន​នាង​ខ្ញុំ​ក៏​បាន​ជួប​គេ​។ ហេតុ​អ្វី​ក៏​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ម្ល៉េះ​? គេ​​បាន​ដើរ​សំដៅ​មក​រក​នាង​​ខ្ញុំ​​ ហើយ​និយាយ​ថា «​សូម​ទោស​ចំពោះ​ការ​រំខាន​ទាំង​ប៉ុន្មាន​ ពេល​នេះ​ខ្ញុំ​បាន​​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ថា​ អ្នក​មិន​ដែល​ស្រលាញ់​ខ្ញុំ​សូម្បី​តែ​បន្តិច​ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​អ្នក​ធុញ​ទ្រាន់​តទៅ​ទៀត ខ្ញុំ​សូម​ដក​ខ្លួន​ចេញ​​ពី​ជីវិត​របស់​អ្នក​ត្រឹម​នេះ​​ទៅចុះ​ ចាត់​ទុក​ថា​ ខ្ញុំ​មាន​និស្ស័យ​បា​នជួប​តែ​គ្មាន​វាសនា​​នឹង​ឈោង​ចាប់​​អ្នក​​បាន​ទេ ហើយ​ក៏​សូម​ជូន​ពរ​អ្នក​ និង​មនុស្ស​ម្នាក់​ទៀត​​ដែល​មាន​សំណាង​ល្អ​ជាង​ខ្ញុំ​!»។
          នាង​ខ្ញុំ​ស្ទើរ​តែមិន​ជឿ​សោះ​ថា​ គេ​ពោល​ពាក្យ​​បែប​នេះ។​ ទោះ​បី​ជា​យ៉ាង​ណា​ នាង​ខ្ញុំ​ខំ​ញញឹម​ទាំង​​ចិត្ត​ក្តុក​ក្តួល​និយាយ​ថា «​ល្អ​ណាស់! ដែល​អ្នក​យល់​ថា​ស័ក្តិ​សម​នឹង​ធ្វើ​បែប​នេះ​!» បន្ទាប់​មក​​យើង​ទាំង​ពីរ​ក៏​បាន​លា​គ្នា​ជា​ចុង​ក្រោយ​។ ក្រសែ​ភ្នែក​ដ៏​ស្រទន់​របស់​គេ​បាន​បញ្ជាក់​ថា គ្មាន​អ្វី​នឹង​ត្រលប់​មក​វិញ​ម្តង​ទៀត​ទេ។ ចុះ​ចំណែក​ខ្ញុំ​វិញ​? ខ្ញុំ​ក៏​ចង់​បង្ហាញ​ថា នាង​ខ្ញុំ​ក៏​ស្រលាញ់​គេ​ដែរ​ តែ​គ្រប់​យ៉ាង​វាហួស​ពេល​ទៅហើយ​។​ វិប្បដិសារៈ​​បាន​គ្រប​ដណ្តប់​​ពេញ​បេះ​ដូង​នាង​ខ្ញុំ​ គ្រប់​ពេល​ដែលគិត​ដល់​គេ​។ ត្រលប់​មក​​រក​ខ្ញុំ​វិញ​មក​ ខ្ញុំ​ចង់​ឲ្យ​អ្វី​ៗ​ដូច​ដើម…​ តែ​នេះ​គ្រាន់​តែ​ជា​ការគិត​ស្រមើ​ស្រមៃ​របស់​មនុស្ស​មាន​វិបត្តិ​ផ្លូវ​ ចិត្ត​ម្នាក់​ប៉ុណ្ណោះ។​ ខ្ញុំ​យំ​ព្រោះ​ខ្ញុំ​នឹក​គេ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​ខ្លួន​ឯង​ណាស់ ព្រោះ​ពី​មុន​ខ្ញុំ​មិន​មែន​អ៊ីចឹង​ទេ។ នាង​ខ្ញុំ​នៅ​តែ​មិនអាច​បំភ្លេច​គេបាន​ តើ​នេះ​ជា​កម្ម​ស្នង​វិញ​ឬ? មែន! គេ​ឈ្នះ​នាងខ្ញុំ​ហើយ ​ឈ្នះ​ដោយ​មិន​ដឹង​ខ្លួន​ ឈ្នះ​ដោយ​ភាព​ក្លែង​ក្លាយ។ តើ​ក្នុង​​ថ្ងៃ​បុណ្យ​ណូ​អែល​ឆ្នាំ​នេះ​ គេ​អាច​ចង​ចាំ​ឈ្មោះ​មនុស្ស​ស្រី​ម្នាក់​នេះ​បាន​ឬ​ទេ?