អ្នកលក់ ក្រូច នៅតាម ស្តង់ ជិត ផ្សារលើ
បាត់ដំបង: ភៀវទេសចរជាតិនិងអន្តរជាតិ ពេលមកទស្សនាខេត្តបាត់ដំបងហើយត្រទ្បប់ទៅវិញចង់បានក្រូចពោធិសាត់ផ្អែមឆ្ងាញ់ដែលល្បីនៅខេត្តដ៏ចំណាស់តែប្រយ័ត្នទិញប៉ះចំក្រូចវៀតណាម ពិសេសនៅក្នុងខែដែលក្រូចពោធិសាត់បាត់ដំបងខ្សត់ នាំឱ្យមានការខកចិត្តដោយខំជិះរថយន្តមកពីខេត្តផ្សេងៗនិងរាជធានីភ្នំពេញ តែមកទិញក្រូចវៀតណាមទៅវិញ ។
នារីសុខ ហេងស្តង់លក់ក្រូចយីហោស្ទឹងក្រហម៩៩ នារីប្រាក់ សុគន្ធា នារីសាវន…ជាអ្នករកស៊ីលក់ក្រូចតាមស្តង់នៅជិតផ្សារលើរ៉បមាត់ស្ទឹងសង្កែបានបញ្ជាក់ថា ពួកគាត់លក់ក្រូចពោធិសាត់និងក្រូចថ្លុង ជាច្រើនឆ្នាំមកហើយ។ នៅម្តុំនេះមានស្តង់លក់ក្រូចពោធិសាត់តែ១១ស្តង់ប៉ុណ្ណោះ ហើយពួកគាត់លក់តែក្រូចពោធិសាត់ដែលដាំនៅក្នុងខេត្តបាត់ដំបង។ បើគ្មានក្រូចបាត់ដំបងពួកគាត់មិនលក់ទេសុខចិត្តនាំគ្នាលក់ផ្លែឈើអ្វីផ្សេង ដាច់ខាតមិនលក់ក្រូចវៀតណាម នាំឱ្យខូចឈ្មោះទេ។ ពួកគាត់និយាយថាក្រូចវៀតណាមពិតជាមានគេយកមកបន្លំលក់នៅក្នុងខេត្តបាត់ដំបងមែន។ ប៉ុន្តែការយកក្រូចវៀតណាមមកលក់បន្លំថា ជាក្រូចបាត់ដំបងគឺភាគច្រើនពេលដែលខែក្រូចពោធិសាត់បាត់ដំបងខ្សត់ចុងដៃចង់អស់ នៅមានតិចតួចផ្លែវាតូចហើយតម្លៃក៏ថ្លៃជាងខែសំបូរ។ខែដែលក្រូចខ្សត់គឺចាប់ពីខែ២ ដល់ខែ៧ រៀងរាល់ឆ្នាំពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន តែម្តងទើបមានការលក់ក្រូចវៀតណាមថាជាក្រូចខ្មែរ។ អ្នកដែលលក់ក្រូចវៀតណាមភាគច្រើនអ្នកដឹកលក់តាមម៉ូតូ កង់ឬរែកលក់និងមួយចំណែកទៀតអ្នកដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៥ នៅម្តុំឃុំអន្លង់វិល ដោយគេប្រើល្បិចយកទងក្រូចបាត់ដំបងទៅបិតលើក្រូចវៀតណាម ដោយប្រើកាវវិទ្យាសាស្ត្រ ។ ពួកគាត់បញ្ជាក់ថា ចាប់ពីខែ៧ រហូតដល់ខែ១០ រៀងរាល់ឆ្នាំក្រូចពោធិសាត់សម្បូរហូរហៀរហើយ តម្លៃក៏ថោកគួរសមមិនមានអ្នកណាយកករូចយួនមកលក់ទេ ។ ក្រូចពោធិសាត់មាន៤ប្រភេទ : ប្រភេទទី១-ហៅក្រូចខ្ញុង(ផ្លែតូចៗ) ប្រភេទទី២-ហៅក្រូចឃ្លី ប្រភេទទី៣-ហៅក្រូចកណ្តាល និងប្រភេទទី៤-ហៅក្រូចលេខ១(ធំជាងគេ)។ ហើយចាប់ពីខែ១១រហូតដល់ខែ២ក្រូចបាត់ដំបង ចាប់ផ្តើមខ្សត់មិនសូវ សំបូររីឯតម្លៃក៏ថ្លៃណាស់ដែរ ។
គុណភាព : ក្រូចពោធិសាត់ពីស្រុកមួយទៅស្រុកមួយមានរសជាតិខុសគ្នា ។ ចំពោះក្រូចពោធិសាត់ដែលល្បីថា មានរសជាតិផ្អែមហើយឆ្ងាញ់គឺមាននៅភូមិបាយដំរ៉ាំ ឃុំឈើទាល ឃុំកន្ទឺ១ កន្ទឺ២ រហូតដល់កង្ហត ក្នុងស្រុកបាណន់ ។ ចំណែកស្រុកផ្សេងៗទៀតមានរសជាតិជូរលាយផ្អែម ។
ជម្ងឺក្រូច : ក្រូចពោធិសាត់កន្លងមកមានជម្ងឺស្លឹកប្រាក់បានរាលដាលពីស្រុកមួយទៅស្រុកមួយគឺកន្លែងណាដែលមានដំណាំក្រូចគេហៅថាជម្ងឺឱកាសនិយមឬខ្វះអាហារូបត្ថម្ភដូចជាខ្វះជាតិសង្ក័សី ជាតិទង់ដែង ជាតិម៉ូលីដែន គ្លរជាដើម។ជម្ងឺស្លឹកប្រាក់នេះមិនអាចព្យាបាលបានទេគឺសត្វល្អិតវាស៊ីចាប់ពីចុងរហូតដល់គល់ធ្វើឱ្យឫសរលួយ ហូរជ័រធ្វើឱ្យងាប់ទាំងដើមតែម្តង។ដូច្នេះបើចង់ដាំដំណាំក្រូចនៅលើដីនេះទៀតលុះត្រាតែភ្ជួររាស់ចោល រៀបចំដីឱ្យស្អាតហើយត្រូវជ្រើសរើសពូជក្រូចណាដែលធុននិងជម្ងឺដោយត្រូវដាំចន្លោះពីគ្នាចម្ងាយ ៥ម៉ែត្រ ហើយនៅក្នុងចន្លោះនោះយើងអាចដាំដើមត្របែកនិងនៅតាមរបងត្រូវដាំដើមផ្ការំយោលជារបាំងការពារសត្វល្អិតផង ។
លោកអនុប្រធានមន្ទីរកសិកម្មខេត្តក៏បានធ្វើការផ្តាំផ្ញើចំពោះភ្ញៀវជាតិនិងបរទេសបើចង់ទិញក្រូចពោធិសាត់កុំឱ្យច្រទ្បំប៉ះក្រូចវៀតណាមសុំកុំទិញ ក្រូចពោធិសាត់ចាប់ពីខែ២ រហូតខែ៦ ព្រោះជាខែខ្សត់ក្រូចហើយបើមានក៏ផ្លែវាតូចៗ(ចុងដៃ)នឹងមានតម្លៃថ្លៃទៀតផង។ចំណែកខែដែលក្រូចពេញផ្អែមឆ្ងាញ់គឺក្នុងខែ៩ និងខែ១០ ជារៀងរាល់ខែហើយខែ៧ និងខែ៨ គេហៅក្រូចទឹកភ្លៀងសំបូរច្រើនប៉ុន្តែមិនសូវផ្អែមមុតទេគឺនៅជូរលាយផ្អែមដែលអ្នកខ្លះនិយមចូលចិត្តរបៀបនេះ ៕
Comments
Post a Comment